ប៉ូលីស​មាន​ខ្លាញ់​ម៉ាត់​ទៀត​ហើយ

ច្បាប់​រដ្ឋ​សព្វ​ថ្ងៃកំពុង​គៀប​ប្រជាជន​យក​លុយតាម​រយៈការ​ផាក​ពិន័យ​យក​លុយ​នៅ​ក្នុង​កំឡុង​ពេល​ប្រជាជន​ធ្លាក់​ចុះ​ខាង​សេដ្ឋកិច្ច ។ ប្រជាជន​ខ្មែរ​ដែល​ជិះ​ម៉ូតូ ត្រូវ​ធ្វើ​អាជ្ញាប័ណ្ណ​ (ព័រមី)​ សម្រាប់​ម៉ូតូ ។ តើ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន ? បើ​និយាយ​លើ​តម្លៃ​មិន​មាន​ចំនួន​កំណត់​ទេ កាល​ពី​មុន $៥ បន្ទាប់ $១០ បន្ទាប់ $២០ ឥឡូវ ពី ២៥ ទៅ $៣០ ។
បើ​និយាយ​រឿង​ផាក​ពិន័យ​វិញ​ប៉ូលីស​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​​ឲ្យ​ទេ បើ​គ្មាន​កាតគ្រី ។ តែ​ទៅ​លេង​ខេត្ត​តាកែវ​មាន​ប៉ូលីស​មួយ​ក្រុម​ត្រួតពិនិត្យ​កាត​គ្រី​ម៉ូតូ​តែ​បើ​គ្មាន​ផាក​ ៥ ពាន់​រៀល​ ឬ​ ៦ ពាន់​រៀល ហើយ​គ្មាន​ចេញ​ប័ណ្ណ​ផាក​ពិ​ន័យ​ឲ្យ​ទៀត ។ ពេល​ផាក​ពិន័យ​ជឹះ​ខុស​ច្បាប់ ថា​មាន​កាតគ្រី​បាន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ ចុះ​ដល់​ផាក​ពិន័យ​អ្នក​គ្មាន​កាតគ្រី​ក៏​មិន​ចេញ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ​ដែរ ។ គិត​យូរ​ៗ​ទៅ​ក្រុម​បង​ៗ​ប៉ូលីស​រក​កិច្ចកល​ធ្វើ​យ៉ាង​ណា​បាន​លុយ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ហើយ​បន្តិច​ទៀត​គេ​ចេញ​ផាក​អាជ្ញាប័ណ្ណ​ម៉ូតូ​ទៀត​ អូ​បង​ប៉ូលីស​គាត់​មាន​ខ្លាញ់​ម៉ាត់​ទៀត​ហើយ ។

9 ចំលើយ

  1. វិបត្តិ​សេដ្ឋកិច្ច​អញ្ចឹង​ហើយ 😀
    ហើយ​មក​ពី​ប្រាក់​ខែ​គ្នាវា​តិច
    ហើយ​មក​ពី​ប្រទេស​ទើប​ពី​សង្គ្រាម បាន​តែ៣០ឆ្នាំប៉ុណ្ណោះ
    😀

  2. ហាសហា មិន​ឈប់​ត្រឹម​ប៉ុណ្ណឹង​ទេ ច្បាស់​ជា​មាន​វិធី​ច្រើន​ទៀត​​សម្រាប់​ទាញ​យក​លុយ​ពី​ប្រជាជន … ចុះ​ងើប​ពី​សង្គ្រាម​មាន​តែ​បាត​ដៃ​ទទេ​ទៀត​នោះ​មិន​និយាយ​ផង ហាសហា…

  3. ត្រូវហើយដប់ឆ្នាំថាទើបចេញពីសង្រ្គាម ដល់​២០ឆ្នាំ នឹងតែថាច្បាប់ស្រុកយើង នៅមានកំរិត ដល់ ៣០ឆ្នាំ ជាអាយុខ្ញុំផ្ទាល់ សួរគាត់ គឺអាដែល តែលើកនេះខ្ញុំមិនចាំគាត់ឆ្លើយមុនទេ ខ្ញុំនិយាយមុនតែម្តង គឺស្រុកយើងទើបចេញពីសង្រ្គាម ទើប៣០ឆ្នាំនឹងឯង អ៊ំអើយ។ សំដីនេះធ្វើអោយខ្ញុំនឹង អភិបាលរងខេត្ត ម្នាក់មើលមុខគ្នាមិនត្រូវ គាត់ស្តីអោយខ្ញុំថានៅក្មេង កុំចេះអាងនៅស្រុកគេ គ្មាននណារគេចាប់ ។ ហើយចុះកាលណាបានខ្ញុំ ឈប់ក្មេងទៅ៣០ឆ្នាំទៅហើយ? 😀 ហើយចុះបើខ្ញុំម៉ោស្រុកខ្មែរនឹង គេចាប់រឺ? បើគ្រាន់តែនិយាយតាមចាស់ ។

  4. ច្បាប់និយាយ​តែ​រឿង​ផាក​ពិន័យ​មិន​បាន​តម្រូវ​ឲ្យ​ដក​ហូត​សម្ភារៈទេ។​តែអនុសាសន៍​បាន​តម្រូវ​ឲ្យ​ដក​ហូត​យានយន្ត​ទៅ​រក្សាទុក​នៅ​ស្នងការ​ប៉ូលីស ។តើ​អនុសាសន៍ និង​ច្បាប់​មួយណា​មាន​ឥទ្ធិពល​ជាង ?​ នៅ​ពេលដែល​ប៉ូលីស​ចាប់​​យានយន្ត ប៉ូលីស​និយាយ​តែ​អំពី​ការ​ដក​ហូត​រក្សា​ទុក​នៅ​ស្នងការ​ជា​បណ្តោះអាសន្ន តើ​អក្នណា​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ ?

  5. ហ៊ើយ សព្វ​ថ្ងៃ​​ជិះ​ម៉ូតូ​តាម​ផ្លូវ​ឈើញ​​​ប៉ូលីស​​ដូច​មាន​អារម្មណ៍​ថា​អស់​លុយ​ទៀត​ហើយ ។ ព្រោះ​ឥឡូវ​មិន​ដឹង​អស់​ថា​គាត់​ផាក​រឿង​ស្អី​ខ្លះ នោះ​ទេ ។ សូម​កុំ​ភ្លេច​ដី ផ្ទះ ក៏​យកពន្ធ​ដែរ … និយាយ​មិន​អស់​ទេ!!
    ថ្ងៃជ័យ​ជំនះ​ដូច​ជា ៣០​ឆ្នាំ​ជាង​ហើយ​យក​មក​ធ្វើ​នយោបាយ​ទៀត ដូច​មាន​ឡេស​តែ​ប៉ុន្នឹង

  6. ខ្ញុំសូមមានយោបលថា សព្វថ្ងៃ ប៉ូលីសចរាចរណ័ មាន ពីរប្រភេទ ប្រភេទទី១ គឺ គាត់ខិតខំសំរួលចរាចរណ៍ ជាទីបំផុត រូបខ្ញុំអាណិតស្រលាញ់ជាទីបំផុត និងគាំទ្រ។ ចំណែកប្រភេទទី២ គឺ អ្នកដើរផាក ទោះបីចរាចរណ៍ស្ទះម្តេចក្តីពេលខ្លះធ្វើដូចគ្មានអ្វីកើតឡើង។ជាមួយគ្នានោះដែរគឺ អាឡានស្ទូចពណ៌ក្រហមមួយចំនួន វាដើរអូសគេមិនយោគយល់ទេ បើគ្មានយ៉ាងតិច ២០ដុល្លា វាមិនអោយទៅទេ កាន់អាយកូមមួយ រួចហៅម្ចាស់ឡានចូល ក្នុងឡានវា ចរចារតំលៃ។ មិនដឹងថាច្បាប់ចតឡាន ខុសតំរូវអោយយកដល់ម្លឹង។
    បើវាអូសទៅស្នងការវាគិតថ្លៃសាំង និង ផាក មិនដឹងប៉ុន្មានទេ មិនតិចឡើយ ។ ខ្ញុំគិតថា ពួកគាត់ច្បាស់ជាប្រកែក កាលណាខ្ញុំនិយាយបែបនេះ ដូចនេះសំណូមពរអោយ បងប្អូនទាំងអស់ កាលណាពួកគាត់(ប៉ូលីស)ប្រព្រឹត្តខុស សូមថតសំលេងទុក កត់លេខឡាន ឈ្មោះនិង ថតរូបបើអាចរួចផ្សាយ តាម Web blog ។ ធ្វើដូចនេះអោយកែខ្លួនកុំអោយស្អុយប៉ូលីសចរាចរណ៍ច្រើនជំនាន់ពេក។ ម៉្យាងទៀត ប្រជាជនគួរមានសៀវភៅ ច្បាប់ចរាចរណ៍ ម្នាក់មួយក្បាលដាក់តាមខ្លួន ទុកផ្ទៀង ។

  7. ខ្ញុំធ្លាប់បានប៉ូលីសផាកម្តងដែរ ពេលនោះខ្ញុំជិះម៉ូតូតាមផ្លូវ​មុន្នីវង្សពីផ្សារថ្មីឆ្ពោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ពេល​មក​ដល់ភ្លើងស្តុបត្រង់ផ្សារBS ភ្លើងក្រហមមិនទាន់លោតទេ ព្រោះវានៅសល់ ២០ ទៀត ខ្ញុំក៏ជិះបន្តគិតថាឆ្លងផុត ដឹងអី​មានបងម៉ូតូមួយគាត់ជិះបត់វ៉េវមុខខ្ញុំ(មិនទាន់ដល់​ភ្លើង​ឲ្យ​បត់​ទេ) ទើបបណ្តាលឲ្យខ្ញុំបន្ថយល្បឿន ហើយទម្រាំ​តែ​ឆ្លង​​ផុតភ្លើងខៀវក៏លោតមុនបាត់ទៅហើយ ។ បងប៉ូលីសក៏​ហៅខ្ញុំផាកពិន័យ ដោយមិនស្តាប់ហេតុផលអ្វីទាំងអស់ ។ ដោយប្រកែកមិនឈ្នះគាត់ខ្ញុំក៏ព្រមបង់លុយ តែពេលនោះ​ខ្ញុំទារវិក្ក័យប័ត្រពីគាត់ តែគាត់មិនព្រមឲ្យហើយថែមទាំង​ទារអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំទៀតផង គាត់ប្រាប់​ថា​បើ​ចង់​បានវិក្ក័យប័ត្រទាល់តែមានអត្តសញ្ញាណប័ណ្ណ ហើយថែម​ទាំងបញ្ជាក់ទៀតថា មិនទាន់រករឿងផងព្រោះកាតគ្រីម៉ូតូ​នឹងមិនមែនជារបស់ខ្ញុំ ខ្ញុំក៏ប្រាប់ថានោះជារបស់ប្តីខ្ញុំ ។ ដោយមិនចង់ឲ្យមានរឿងវែងឆ្ងាយព្រោះប្រញាប់ផង ខ្ញុំក៏ព្រមបង់លុយឲ្យទៅគាត់ តែពេលនោះខ្ញុំនិយាយ​ថា “អរគុណ” ស្រាប់តែបងប៉ូលីសហ្នឹងគាត់ខឹងខ្ញុំរឹតតែ​ខ្លាំង ហើយគាត់ថាខ្ញុំនិយាយមើលងាយគាត់ ។ អូ! អញ្ចឹងហ្ន៎ បងប៉ូលីស យកលុយខ្ញុំហើយ ខ្ញុំអរគុណ​បែរជា​ថា​ខ្ញុំ​មើល​ងាយ ។ ពាក្យ “អរគុណ”នេះជាទម្លាប់សម្រាប់ខ្ញុំ ព្រោះខ្ញុំ​ទម្លាប់​និយាយបែបនេះជាមួយកូន ៗ ដើម្បីឲ្យពួកគេមាន​ទម្លាប់​ល្អ ។​

  8. វាជារឿងមួយដ៏ល្អសំរាប់ប្រជាពលរដ្ឋខ្មែរក្នុងការទទួលការអប់រំពីច្បាប់ចរាចរណ៏។ ប័ណ្ណបើកបរម៉ូតូ និងឡានវាខុសគ្នា ហើយរាល់អ្នកបើកបរត្រូវមានវាជាចាំបាច់។ ស្រុកយើងមានមនុស្សតិចណាស់ដែលចេះច្បាប់ចរាចរណ៏ជាពិសេសផ្នែកសីលធម៍ក្នុងការបើកបរ។ យើងស្តីបន្ទោសទៅលើប៉ូលីសអ្នកយកលុយហួសហេតុតែបើយើងមិនប្រព្រឹត្តខុសប៉ូលីសទាំងនោះមិនអាចយកលុយយើងបានទេ។

ទំលាក់ មួយចំលើយតប ទៅ សួស្តី បោះ​បង់​ការ​ឆ្លើយ​តប