ប្រជុំកំណាព្យ

ពេលក្រោយអ្នកនឹងបានអានកំណាព្យ ដែលជាស្នាដៃអ្នកដែលគ្មានបទពិសោធន៍ក្នុងការតែងកំណាព្យ​លោកអ្នកជឿដែរ​ឬទេ ។ ដូច្នេះលោកអ្នកក៏អាច ផ្ញើ កំណាព្យ​ផ្ទាល់ខ្លួនរបស់អ្នកមក​ចូលរួមបានដែរ (ប្រើពុម្ពអក្សខ្មែរយូនីកូដ) តាមរយៈ អ៊ីមែល csb_sambath@yahoo.com ។

សូមថ្លែងអំណគុណទុកជាមុន ចំពោះការចូលរួមរបស់លោកអ្នក

អ្នកថា និងអ្នកធ្វើ

អ្នកថាចាំថាមិនអស់ពាក្យ ក្រឡេកបែរងាកទាស់ទាំងអស់
អ្នកធ្វើស្រវាគ្រប់ចន្លោះ ស្ងាត់ៗធ្វើអស់ត្រូវមាត់ទៀត។
អ្នកថាប្រសព្វមានទ្រឹស្តី មិនដែលខុសអីចំពោះញាតិ
ឃើញតែប៉ោចៗមិនសល់ស្នៀត ចិត្តវិញចង្អៀតទាស់មិនឈប់។
អ្នកធ្វើបែកញើសហូររហាម ងាកឆ្វេងបែរស្តាំបម្រើសព្វ
ដាក់នេះខុសនោះសឹងនឹងឡប់ ត្រូវមាត់គេជាប់មិនលោះពេល។
អ្នកថាឈរថាច្រត់ចង្កេះ ការពិតមិនខ្មេះស្តីច្រំដែល
ឧស្សាហ៍តែមាត់ដៃមិនដែល ស្រវាក្រវែលកិច្ចការអ្វី។
ថ្វីបើត្រូវមាត់ត្បិតខំធ្វើ ក៏គង់ប្រសើរជាងទ្រឹស្តី
ព្រោះនាំប្រយោជន៍ជូនផែនដី មិនស្តីប៉ោចៗប្រយោជន៍សូន្យ។

ផ្កាយ​ និង​ព្រះចន្ទ្រ

ផ្កាយរះសែនខ្ពស់ឆ្ងាយហួសដី រះមួយរាត្រីអួតលោកា
  បញ្ចេញពន្លឺព្រិចៗថ្លា មិនយល់ទុក្ខាសត្វរស់រាន ។
ហ្វូងផ្កាយ​ច្រើនមូមីដេរដាស ត្រចង់ត្រចះលើវិមាន
  មហាមេឃាជាជើងពាន គាំទ្រឲ្យមានពន្លឺផ្កាយ ។
ផ្កាយរះត្រឹមបង្អួតលោកា មិនដូចចន្ទ្រថ្លាស្ម័គ្រចិត្តកាយ
  បំភ្លឺសព្វសត្វឲ្យសប្បាយ តែគួរឲ្យស្ដាយមេឃលេបបាត់ ៕

 

ស្រណោះគ្រាដើម

(បទពាក្យ ៧)

១. ដើមឡើយ​ធម្មជាតិស្រស់ត្រកាល វិសេសវិ​សាល​ត្រជាក់​ចិត្ត

រុក្ខជាតិ​បៃតង​ក្រាល​ប្រណីត សោភ័ណដាមដិត​ស្អិតនេត្រា ។

២. វាលស្រែដើមស្រូវគួរគយគន់ បក់ស្លឹក​ទោទន់រីកស្រស់​ថ្លា

ត្នោត​ឈរអួតរាង​យ៉ាងសង្ហា ខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។

៣. ដើមឈើតូចធំច្រើនក្រាស់ក្រៃ ញឹកដូចម្រាមដៃដុះហូហែ

មានច្បាប់ក្រឹត្យក្រមដោតដាំថែ បរទេសផងដែរជញ្ចក់មាត់ ។

៤. អនិច្ចាឥឡូវសែនស្រណោះ អ្វីៗទាំងអស់មិនប្រាកដ

ទឹកដីប្រែប្រួលជ្រួលបែនបត់ ធ្លាក់ខ្លួនកំសត់​សោះកក្រោះ ។

៥. ព្រៃឈើរលាយបាត់សំណើម ដែលធ្លាប់ជួយផ្ដើមជីវិតរស់

ត្នោតកេរ្ដិ៍ដូនតាក៏រលស់ ចិត្តនឹកស្រណោះគ្រាកន្លង ៕

 

ម្ចាស់ជីវិត

កថាដើម

. គោក្របីសេះសត្វបម្រើ ជីវិតសុំផ្ញើលើដៃមនុស្ស

ផ្លូវភក់ផ្លូវគោកប្រឹងទម្លុះ គោក្របីពុះពារដល់ត្រើយ ។

. កម្លាំងសិងប្រៀបម៉ាស៊ីនបាន ជួយម្ចាស់ថ្កើងថ្កានបានល្ហែល្ហើយ
បានស្មៅមួយកងស៊ីឲ្យស្បើយ មានកម្លាំងហើយព្រោះផ្ទៃឆ្អែត ។

. ស្រេកទឹកមិនដឹងប្រាប់ដូចម្ដេច ស្រេកខ្លាំងឬតិចត្រូវដឹងហេតុ

មិនចេះហាស្ដីឈើញក្រឡែត ឆ្អែតឬមិនឆ្អែតមិនហ៊ានទារ ។

. ទោះមនុស្សឬសត្វតែងចង់រស់ ហូបឆ្អែតមួយពោះព្រោះសង្ខារ

ពេលមានកម្លាំងមិនទៅណា ប្រើតាមប្រាថ្នាចិត្តលោកម្ចាស់ ៕

ដកស្រង់​ចេញពីសៀវភៅ “សមូហកម្មអក្សរសិល្ប៍ នូ ហាច” !

 

 

បញ្ញើក្អែក

បទកាកគតិ

  1. ដើម​បញ្ញើក្អែក រស់នៅពឹង​ផ្អែក
    ផ្ញើប្រាណលើគេ យប់​ថ្ងៃភ្លៀង​ខ្យល់
    ត្រជាក់ក្ដៅទ្វេ លន់តួរបំពេរ
    សុំរស់​សង្ខារ ។

  2. !​បញ្ញើរក្អែក ពេលផ្ដាច់​បំបែក
    ពីដើមរុក្ខា ពំអាច​រស់នៅ
    ដោយពឹង​ហត្ថា ក្សីណក្ស័យជីវ៉ា
    ចោលលោកនេះទៅ ។

ដៃពីរ

ដៃពីរសំខាន់ចំពោះមនុស្ស ដៃប្រើសាងឈ្មោះរស់ថ្កុំថ្កើង
ដៃឆ្ការដីដាំដំណាំទ្រើង ដៃធ្វើការឡើងនាំទ្រព្យធន។
ដៃប្រើសរសេរសាងតម្រេះ ស្រង់ស្រាវឯកទេសមិនឱ្យស៌ុន
ដៃមិននៅស្ងៀមដេកទំរន់ មិនលើកបែបន់ចាំព្រះជួយ។
ដៃល្អធ្វើការមិនរួញរា ដៃកាន់មុខងារជាជំនួយ
មិនផ្គុំតាមផ្លូវសុំគេជួយ ដៃមិនរំអួយលើកសុំទាន។
ដៃមានកិត្តិយសរស់នឹងធ្វើ ការងារប្រសើរជួយរស់រាន
ដៃមិនលួចលុយទ្រព្យធនធាន នាំញាតិរំខានក្នុងជីវិត។
សិនអើយបើដៃមានប្រយោជន៍ ញាតិផងពិតសើចដៃសុក្រិត
ដៃនាំកិត្តិយសឈ្មោះអម្រិត កោសល្យវិចិត្រស្នាដៃមាស។

 

ប្រហិត

គេកោសសាច់ត្រីហាន់ចិញ្ច្រាំ

ក្រឡុកបុកជ្រំអស់ពីចិត្ត
រួចថែមគ្រឿងលាយកើតប្រហិត អាហារវិចិត្រល្បីកាត់ស្រុក។
ជួនគេយកអាំងជួនក៏ស្ងោរ ជួនយកទៅស្លលាយប្រហុក
ចៀនទ្រាប់បន្លែនំបញ្ចុក ទឹកត្រីអែអុកឆ្ងាញ់អស់ដៃ។
មិនខុសឡើយពាក្យផន់ម៉ែឪ លោកស្តីប្រដៅជ្រំសំដី
ពាក្យខ្ពស់ពាក្យទាបកៀបយប់ថ្ងៃ កៃឆ្នៃចង់អោយកូនវិចិត្រ។
ម៉ែឪតែងប្រៀនដាស់តឿនជ្រំ ថែមគ្រឿងផ្សែផ្សំដូចប្រហិត
នោះព្រោះប្រាថ្នាឃើញជីវិត កូនថ្កើងប្រណិតល្អមាំមួន។
ច្នេះកុំខឹងលោកពេលថែមគ្រឿង ជ្រំដាស់រូបយើងអស់ទាំងក្បួន
ព្រោះបំណងល្អចំពោះកូន យើងត្រូវត្រៀមខ្លួនរៀនទទួល។

 

ទឹកមាត់ផ្អែម

ទឹកមាត់ចាស់ៗប្រៃមានប្ញទ្ធិ វិភាគការពិតប្រាប់កូនចៅ
ចៃដន្យកូនស្តាប់យូរៗទៅ ទឹកមាត់ប្រដៅក្លាយល្វីងចត់។
ក្មេងយើងសព្វថ្ងៃខុសបុរាណ ប្ញកកោងក្លាហានលើសកំណត់
មិនខ្លាចដំបងត្មោងរំពាត់ ពេលម៉ែឪវាត់ តដៃវិញ។
ច្នេះយើងត្រូវផ្លាស់ទឹកមាត់ប្រៃ ប្តូរទឹកមាត់ថ្មីផ្អែមពោរពេញ
ណែនាំរូបកូនពិរោះមិញ អោយកូនទន្ទេញសុទិដ្ឋិ។
ប្រៀនដោយពាក្យផ្អែមល្អស្រទន់ កុំធ្លោយស៌យស៌ុនមានអារិ
ក្រែងកូនមានះកើតអាស្មិ ផ្គើនប្ញកចចេសធ្វេសស្តាប់យើង។
ពាក្យផ្អែមត្រជាក់លាក់ប្ញទ្ធី នាំកូនសំភីភាពថ្កុំថ្កើង
តក់ៗកូនស្តាប់មិនរើសអើង យូរគង់ថ្កុំថ្កើងសំរេចផល។

 

 

ដូងមួយធ្លាយ

ផ្លែដូងមួយធ្លាយច្រុះលើដើម មានចំនួនច្រើនយ៉ាកនឹងរាប់
មានតក់មាននាឡិមានគួរគាប់ មួយធ្លាយជ្រុះជាប់តាមវាសនា។
ដូចជាពលរដ្ឋក្នុងនគរ មានខូចមានល្អគរខេមរា
កូនខ្លះបំផ្លាញ ខ្លះរក្សា ខ្លះទៀតប្រាជ្ញា ខ្លះក៏ល្ងង់។
ចៃដន្យដូងស្អុយមានតិចតួច ដទៃមិនខូច មិនគម្រង់
មួយធ្លាយខូចមួយមិនលិចលង់ ដូងល្អជួយយោងផលចំការ។
មិនខុសពលរដ្ឋក្នុងនគរ ភាគច្រើនពលល្អថែខេមរា
ថ្វីបើបុត្រខ្លះចិត្តទោសា គង់ជាតិភ្លឺថ្លាព្រោះបុត្រល្អ។
ឃើញស្អុយមួយផ្លែកុំអាលទ្រាន់ នៅផ្លែរយពាន់ផលបវរ
បុត្រមួយខួរស្អុយ ច្រើនទៀតល្អ គង់នាំនគរឆ្ពោះជ័យអើយ ។

 

 

កំណាព្យ

mine-kill-people.jpg

6 ចំលើយ

  1. គ្មាន​សណ្ដាប់​ធ្នាប់​សោះ

  2. គ្មានសណ្ដាប់ធ្នាប់សោះ !​ម៉េចមិនដាក់វាជា Categories ផ្សេងគ្នា???

  3. ខ្ញុំអាចអានភាសាខ្មែរបានដោយប្រើវិនដូវីស្តាដែលជាលើកដំបូងហើយប្រជាជនកម្ពុជា
    អាចប្រើភាសាខ្មែរនឹងអានសរសេរលើប្រព័ន្ធកុំព្យូទ័របានគ្រប់ពេលវេលាទាំងអស់

  4. កំណាព្យទាំងនេះពិរោះមែន!
    ទោះជាមិនទានមានរបៀបលំដាប់លំក៏ដោយ​ហើយក៏ទទួលថាយ៉ាងនេះគឺបានហើយ
    ជំរៀបលា

  5. ពេញចិត្តទាំងស្រុងហួសក្ដីស្មាន កវីចំណានណុបចន្ទ័តារា
    លោកមានហេតុផលជូនខេមរា ហេតុម្ដេចវាសនាខ្មែរ
    ខុសគេ ។ ខ្មែររស់ត្រដរស្គាល់តែទុក្ខ ឃ្លាតម្ដាយឪពុក
    ចម្ការស្រែ គ្រាប់មីនប្រល័យស្លាប់តែខ្មែរ ឬកម្មបុព្វេ
    ផ្ដល់ដូច្នោះ ។

  6. អាតា្មភាពនិមន្តពីបាត់ដំបង សូមចំរើនពរ បើសិនចង់ដាក់កំណាព្យជាមួយដែរតើបានឬអត់?

បញ្ចេញមតិ