ទឹកភ្នែក​ខ្ញុំ

ទាញ​មើល​នៅ​ខាង​ក្រៅ

ទឹក​ភ្នែក​ខ្ញុំ

(បទ​ពាក្យ​ប្រាំ​បី)

យប់​យន់​ស្ងាត់​មេឃ​បាត់​ដួង​ខែ រនោច​សល់​តែ​តារា​រយ​ពាន់
ភ្លៀង​ផ្គរ​រន្ទះ​ដុត​ផ្ទះ​ស្ងោ​មាន់ ប្រញាប់​រួស​រាន់​យក​ស្ពាន់​ដូរ​មាស ។
តឹង​ទ្រូង​ចង្អៀត​ឃ្លាត​ស្រុក​នឹក​ស្រែ គេង​ព្រួយ​ឥត​ល្ហែ​កេរ្តិ៍​ម៉ែ​វិនាស
ជម្លោះ​ដី​ធ្លី​ញាំញី​ចិត្ត​រាស្ត្រ គ្មាន​អ្វី​បញ្ចៀស​ប្រាំង​ដូច​វស្សា ។
ទឹក​ភ្នែក​អ្នក​ក្រ​ខំ​ត្រដរ​ខ្យល់ គិត​គូរ​មិន​ដល់​ឆ្ងល់​ព្រេង​វាសនា
ច្រណែន​មនុស្ស​បន្ទោស​ទេវតា វង្វេង​ធម៌អាថ៌​បញ្ហា​ចាស់​ថ្មី ។
ខ្ទម​ស្បូវ​អភ័ព្វ​ទ្រព្យ​ធន​អ្នក​ក្រ លេប​គ្រួស​លេប​ថ្ម​កំដរ​លោកិយ
ទ្រូង​ខ្ញុំ​អួល​ណែន​ច្រណែន​មេឃ​ដី ខ្មាស​ញាតិ​ប្រុស​​ស្រី​ជេរ​ស្ដី​ស្រណោះ ។
ទំនិញ​ឡើង​ថ្លៃ​ចង​ដៃ​អ្នក​ក្រ ប្រេង សាំង អង្ករ ត្រី បន្លែ​ស្រស់
លុយ​រៀល​ហើម​ស្រក​ខក​ចិត្ត​ទាំងអស់ ស្រែ​ស្រូវ​ក្រៀមក្រោះ​អស់​ភ្លៀង​រលឹម ។
អ្នក​ក្រ​សន្ធឹក​រក​ព្រឹក​ខ្វះ​ល្ងាច រស់​នៅ​មួយ​ជាតិ​ឃ្លាត​ក្ដី​សង្ឃឹម
ឃើញ​មេឃ​ឆ្ងាយ​ដី​គ្មាន​អ្វី​ប្រៀប​ផ្ទឹម ស៊ូ​ទ្រាំ​ញញឹម​មើល​គេ​សប្បាយ ។
ព្យុះ​ភ្លៀង​សេដ្ឋកិច្ច​ក្ដិច​ត្រួយ​ជីក​គល់ ចិត្ត​ខ្ញុំ​វិល​វល់​ពិបាក​ដោះ​ស្រាយ
ស្រែ​ងងឹត​ស្លុង​ទី​ក្រុង​សប្បាយ ស្ទឹង​បឹង​ប្រឡាយ​ឆ្ងាយ​ដី​ក្រៀមក្រោះ ។
ចំណង​ស្លាប់​មុខ​ទុក​ព្រួយ​អ្នក​ស្រែ អ្នក​ក្រ​ស្រុក​ខ្មែរ​ចេះ​តែ​ហើរ​ហោះ
លក់​ដី​ទិញ​ដែក​ចែក​លុយ​ស្រស់​ៗ អ្នក​មាន​ចិត្ត​ស្មោះ​បាត់​អស់​គំនិត ។
ខ្ញុំ​ជា​គ្រូ​ល្អ​តស៊ូ​ខាំ​ស្មៅ អប់រំ​ប្រដៅ​មេឃ​ខ្មៅ​ជុំជិត
ខ្លែង​វង្វេង​ខ្យល់​សំណល់​ជីវិត គង​ថ្ងាស​ដេក​គិត​គំនិត​អ្នក​ក្រ ។
១០ បិទ​ភ្នែក​បង្រៀន​ស្វិត​ក្រៀម​ក្រពះ បួង​សួង​ក្រៅ​ផ្ទះ​សំពះ​ដំ​ថ្ម
រស់​ដើម្បី​រស់​កិត្តិយស​អ្នក​ក្រ ប្រឹង​ប្រែង​បន្ត​ស៊ី​ដី​ស​ទៀត ។
១១ ស្រែ​មួយ​អំពក​គេ​យក​ចែក​គ្នា អស់​ផ្លូវ​ទាម​ទា​កម្ម​ពៀរ​រយ​ជាតិ
កូន​ស្ដោះ​ដាក់​ផ្នូរ​សម្បូរ​ខ្មាស​ញាតិ មិន​ធ្វើ​ត្រី​ងៀត​ឆ្លៀត​ពង​ដូច​គេ ។
១២ ឆ្អែត​និង​សង្គម​ធុំ​ក្លិន​មាស​ប្រាក់ សីលធម៌​លើក​ដាក់​ចេះ​ថ្នម​បំពេ
មាន់​ពង​លើ​ស្រូវ​មិន​សូវ​ស្គម​ទេ ចាំ​ទឹក​ទន្លេ​ហូរ​ចូល​អណ្ដូង ។
១៣ អ្នក​ក្រ​លំបាក​គេ​ខាក​គេ​ស្ដោះ សែន​នឹក​ស្រណោះ​កាល​គ្រា​ដំបូង
គេ​ឲ្យ​ដាំ​ចេក​ដេក​គុម្ព​ដំឡូង លែង​ស្គាល់​ជើង​ត្បូង​បេះ​ដូង​ងងឹត ។
១៤ ឯកភាព​ជាតិ​ខ្មែរ​ដូច​ខ្សែ​អំបោះ យុត្តិធម៌​ចិត្ត​ស្មោះ​បាត់​អស់​គំនិត
ឆ្អិន​ក្បាល​ស៊ី​ក្បាល​ធ្ងន់​ស្រាល​លែង​គិត លាក់លៀម​ការ​ពិត​ប្រឌិត​ដូច​ល្ខោន ។
១៥ ចាប់​ដៃ​ជាន់​ជើង​ផ្លុំ​ភ្លើង​បក់​ផ្សែង ហែក​សាច់​ឈាម​ឯង​ចំបែង​អាប់​ឱន
ចោល​បាយ​ប្រហុក​សំកុក​ជ្រក​កោន ភ្លេច​គុណ​រាប់​តោន​ឱន​ក្បាល​ដាក់​គ្រាប់ ។
១៦ ឆ្អែត​ហើយ !ល្មម​ហើយ!ងាក​ក្រោយ​បង់​បត់ មើល​រាស្ត្រ​ក្រ​ខ្សត់​អត់​ទ្រាំ​មិន​មាត់
រៀន​ធ្វើ​គ​ថ្លង់​មិន​ចង់​ខ្ចាត់​ព្រាត់ ក្រ​រស់​មិន​គាប់​ខ្លាច​ងាប់​មិន​គួរ ។
១៧ សន្តិភាព​អភិវឌ្ឍន៍​ទូទាត់​លាត់​សើយ រយ​លាន​ចម្លើយ​មិន​ចំ​សំណួរ
ចេះ​ច្បាប់​ស្ដាប់​ខ្យល់​មិន​ខ្វល់​មុខ​តួ ដើរ​លើ​ខ្សែ​ពួរ​គួរ​តែ​បញ្ចប់ ។

ធន សម្បូរ​គ្រូ​បង្រៀន​សាលា​គរុកោសល្យ និង​វិក្រិតការ​ខេត្ត​កំពង់​ស្ពឺ

ទូរសព្ទ​លេខ ៖ ០១១/០១២/០១៦ ៩៩ ៧០០២

4 ចំលើយ

  1. បាត់​អូនទៅណា? ម្តេច​ក៏មិន​ទូរ​ស័ព្ទរកទៅ!

  2. នៅ​ក្នុង​អត្ថបទ​កំណាព្យ​ដូច​ជា​គ្មាន​បញ្ជាក់​ថា​បាត់​អូន​សោះ ។ ដូចជា​បញ្ជាក់​ពី​រឿង​ទុក្ខ​ព្រួយ​របស់​សង្គម​ខ្មែរ​បច្ចុប្បន្ន​​សោះ​ហ្នឹង…

  3. បើមានអូន​នៅ​ជិត ម្តេច​ក៏កើតទុក​ចឹង?

  4. អុញ​រឿង​ប្រទេស​ជាតិ​បែ​ជា​រឿង​អូន​ទៅវិញ​ចេះ​តែ​មាន​តែ​ម្រ៉ង​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: