តំបន់​គ្មាន​សន្តិសុខ

នៅ​ម្ដុំ​ច្រក​ចូល​ខាំកូ​ស៊ី​ធី ក្នុង​កំឡុង​ពេល​បី​ថ្ងៃ​កន្លង​មក​នេះ​មាន​សកម្មភាព​ខុស​ប្រក្រតី

  • នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០០៨ មាន​ចោរ​ឆក់​ទូរ​សព្ទ​ដោយ​គ្មាន​អ្វី​ជិះ​ទេ បន្ទាប់​ពី​ឆក់​ទូរ​សព្ទ​ម្ចាស់​ទូរ​សព្ទ​ដេញ​តាម​ត្រូវ​ចោរ​ឆក់​ដក​កាំបិត​ វែង​ចេញ​ពី​ចង្កេះ​កាប់​ម្ចាស់​ទូរ​សព្ទ រួច​ចោរ​រត់​គេច​បាត់​ទៅ។

  • នៅ​ថ្ងៃ​ទី ២២ ខែ​ឆ្នាំ​ដដែល មាន​សកម្មភាព​ជម្លោះ​មួយ​នៅ​កន្លែង​លេង​អាប៉ោង​ដោយ​ម្ចាស់​ផ្ទះ និង​អ្នក​លេង ដោយ​អ្នក​លេង​ប្រើ​ដាវ​វែង ឯ​ម្ចាស់​ផ្ទះ​ប្រើ​ដង​ចប។ ផ្អើល​អស់​មនុស្ស​ក្នុង​ភូមិ ក្នុង​នោះ​មាន​ប៉ាក់​ពួក​ម្នាក់​មាន​កាំភ្លើង​ដាក់​នៅ​ជាប់​ចង្កេះ តែ​មិន​ធ្វើ​សកម្មភាព​ទេ។
    បន្ទាប់​ពី​ជម្លោះ​មាន​ការ​ឆក់​ទូរសព្ទ​របស់​នារី​ម្នាក់ តែ​ចោរ​ឆក់​លើក​នេះ​ប្រើ​ម៉ូតូ សង់​កូរ៉េ ពណ៌​ក្រហម គ្នា​ពី​នាក់ ចោរ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

  • នៅ​ថ្ងៃ​ទី ២៣ យប់​រំលង​អាធ្រាត្រ​មាន​ការ​ផឹក​ស៊ី​មួយ​ឡូឡា​ដល់​ទៅ​សន្តិសុខ​ខាំកូ​មក​ ឃាត់​ បែ​ជា​ក្រុម​អ្នក​ផឹកស៊ី បាន​ស្រែក​ជេរ ដៀល និង​ចោទ​ពី​បញ្ហា​ផ្សេងៗ​ទៀត​ជា​ច្រើន។ បន្ទាប់​មក​សន្តិសុខ​មក​ឃាត់​ទៀត និង​មាន​ការ​បាញ់​បួន​ដប់​គ្រាប់។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​ផ្អើល​មនុស្ស​ម្នា​ក្នុង​ភូមិ​ម្ដង​ទៀត។

អ្វី​ដែល​ ខ្ញុំ​ចង់​និយាយ​នោះ​មិន​ដឹង​ជា​អ្នក​គ្រប់​គ្រង ឬ​អាជ្ញាធរ​នៅ​ទី​ណា​ទេ សកម្មភាព​ទាំង​បី​ថ្ងៃ​គ្មាន​ឃើញ​មុខ​ទាល់​តែ​សោះ។ សូម​បញ្ជាក់​ថា ខាំកូ​ស៊ីធី ស្ថិត​ក្នុង​ភូមិ ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ ឫស្សីកែវ ភ្នំពេញ។

អ្វី​តាម​ខ្ញុំ​ដឹង​មិន​ដែល​មាន​សកម្មភាព​បែប​នេះ​ទេ​ចំពោះ​ប៉ូលីស ទើប​តែ​បន្ទាប់​ពី​បុណ្យ​អុំទូក​មក​បាត់​ពួក​គាត់​អស់​រលីង។

7 ចំលើយ

  1. ប៉ូលីស​អស់​ហ្នឹង បើ​រឿងណាមានខ្លាញ់ទើប​ឃើញ​មុខពួក​គាត់​! កន្លែង​អត់​ខ្លាញ់​ទាល់​តែ​មាន​អ្នក​ស្រុក​ជេរ​ខ្លាំង​ទើប​ទៅ​អើតបន្តិច រួច​ក​ត្រលប់​មក​ដេក​ផ្ទះធ្វើ​មិន​ដឹង!

  2. រឿង​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត កាល​ពី​មុន​មាន​ពួក​ល្បាត​យប់​ចាប់​បាន​ចោរ​លួច​សម្ភារៈ​អ្នក​ភូមិ​ពេល​យប់ ឃើញ​តែ​ជំរិត​យក​លុយ​ហើយ​លែង​វិញ។ ម្យ៉ាង​វិញ​ទៀត​ចាប់​ក្មេង​ជក់​ម៉ា យក​លុយ ទៅ​ទិញ​ម៉ា​មក​ជក់​ដែរ ហើយ​ពួក​នេះ​មាន​អ្នក​ដាច់​ពេល​យប់​ម្ដង​ៗ ចាប់​គេ​វាយ​ធ្វើ​បាប​យក​លុយ។ មើល​ឃើញ​ផ្ទាល់​បែប​នេះ​យល់​​ថា​សង្គម​ឥឡូវ​ដូច​ជា​ស្អី​ទេ ថា​មិន​ត្រូវ​សោះ។

  3. បច្ចុប្បន្ន​ចោរ​ប្លន់​សាហាវ​ៗ ណាស់! សង្ស័យមក​ពី​ជំលោះ​ព្រំដែន​ និង​វិបត្ត​សេដ្ឋកិច្ច​ហើយ​មើល​ទៅ។ មាន​ករណី​ច្រើន​ដូច​នៅ​ រតនគីរី បន្ទាយមាន​ជ័យ និង​ភ្នំ​ពេញ ដែល​ថ្ងៃមុន​ ស្ត្រី​អ្នកមាន​ម្នាក់​ចុះ​ពី​លើ​ឡាន រួច​ចូល​ទៅ​កន្លែង​អ៊ុត​សក់​ត្រូវ​ចោរ​មាន​គ្នា​បួន​នាក់​ម៉ូ​តូ​ពីរ យក​កាំ​ភ្លើង​ភ្ជង់​យក​កាបូប​ស្រស់ៗតែម្តង!

  4. នៅ​ជិត​អង់​តែន​ទូរទស្សន៍​ជាតិ​ទួល​គោក មាន​ការ​លក់​ម៉ា​ដូច​គេ​ធ្វើ​បុណ្យ​កឋិន។ អ្វី​ដែល​ចម្លែក​នោះ​អ្នក​លក់​គេ​មិន​ចាប់​ទេ តែ​ធ្លាប់​ឮ ថា​មាន​ចាប់​អ្នក​ទិញ​យក​ទៅ​ជក់ និង​អ្នក​ជូន​ទៅ​បាន​ម្ដង​ដែរ។ តែ​តាម​ខ្ញុំ​យល់​ប្រហែល​ជា​មិន​ងាយ​អស់​ទេ​មើល​ទៅ​បើ​គាត់​ហាន​ចាប់​តែ​អ្នក​ទិញ ឯ​អ្នក​លក់​មិន​ហាន​ចាប់។ បើ​អ្នក​មាន​អំណាច​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​បែប​នេះ​ស្រុក​ខ្មែរ​យើង នឹង​ធ្លាក់​ក្នុង​នរក​អវចនីយ​ជាក់​ជា​មិន​ខាន។

  5. ពីព្រេះថាអ្នកលក់មានអំនាចមានឡុយច្រើននរណាចាប់គេនឹងស្លាប់អស់គ្រួសារ

បញ្ចេញមតិ